រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
ព័ត៌មាន

Bosch៖ សុវត្ថិភាពផ្លូវថ្នល់គឺជាទំនួលខុសត្រូវរបស់បុគ្គលគ្រប់រូប

ទស្សនវិស័យនៃការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ជាមួយនឹងប្រព័ន្ធជំនួយសុវត្ថិភាពដល់អ្នកបើកបរ

2018-10-31

➢ តាមការសង្កេតអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ មានសន្ទុះកើនឡើងយ៉ាងខ្លាំងនៅរដូវបុណ្យទាន

➢ Bosch បន្តការវិនិយោគធនធានជាច្រើនទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៏ដើម្បីធានាអោយបាននូវយាន្តជំនិះដែលមានបច្ចេកវិទ្យាអាចជួយជីវិតរបស់អ្នកដំណើរ

➢ កិច្ចសហការគ្នាជានិរន្តភាពរបស់ភាគីពាក់ព័ន្ធទាំងអស់គឺមានសារះសំខាន់ ដើម្បីសម្រេចអោយបាននូវការធ្វើដំណើរដោយសុវត្ថិភាព

motorcycle_res_640x360

រាជធានីភ្នំពេញ កម្ពុជា - មានមនុស្សជាង ១.២ លាននាក់បានបាត់បង់ជីវិតនៅលើផ្លូវថ្នល់ទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ក្នុងនោះមានអ្នកស្លាប់ប្រមាណ ១២០,០០០ នាក់នៅក្នុងតំបន់អាស៊ាន ទើបបានជាមហាសន្និបាតអង្គការសហប្រជាជាតិUNGAនៅតែបន្តគាំទ្រ និងតស៊ូមតិយ៉ាងមុតមាំចំពោះសុវត្ថិភាពផ្លូវថ្នល់ ដោយផ្អែកលើការប្រកាសថាឆ្នាំ ២០១១ ដល់ ២០២០ ជា «ទសវត្សនៃចំណាត់ការដើម្បីសុវត្ថិភាពនៅលើដងផ្លូវ»។

យានយន្តដែលបានចុះបញ្ជើនៅប្រទេសកម្ពុជាគឺមានចំនួន ៣.៧ លានគ្រឿងនៅក្នុងឆ្នាំ ២០១៧ ដែលជាការកើនឡើងប្រមាណ ១៦% ប្រចាំឆ្នាំ ។ ស្របគ្នានេះដែរ អត្រានៃការស្លាប់លើផ្លូវថ្នល់ក៏បន្តកើនឡើងផងដែរ ដែលចំនួនប្រហែលជា ១,៧៨០ នាក់កាលពីឆ្នាំទៅ។ គ្រោះថ្នាក់ចរាចរណ៍ច្រើនកើតឡើងក្នុងកំឡុងពិធីបុណ្យផ្សេងៗដូចជា បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌនៅពេលដែលចរាចរណ៍មានភាពមមាញឹកខ្លាំងបំផុត។

នៅខែមេសាឆ្នាំ ២០១៨ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានកត់ត្រាការស្លាប់សរុប ៤៧ នាក់ និងរបួស ១៤៣ នាក់ក្នុងអំឡុងពេលអង្កេតការណ៍ ៣ ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរ។ ដូចគ្នានេះដែរ ថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ យ៉ាងហោចណាស់មានគ្រោះថ្នាក់ចំនួន៥៣ករណី ក្នុងនោះមនុស្សស្លាប់ចំនួន២៨នាក់ និងរបួសធ្ងន់៨៥នាក់ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ព្រោះតែកំឡុងពេលនោះជាពេលដែលប្រជាជនកម្ពុជាធ្វើដំណើរផ្លូវឆ្ងាយត្រលប់ទៅស្រុកកំណើតរបស់ពួកគេវិញ។

រាល់គ្រោះថ្នាក់ទាំងអស់ដែលបានចុះបញ្ជីក្នុងអំឡុងរដូវបុណ្យទានភាគច្រើនគឺដោយសារតែ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការបើកបរហួសល្បឿនកំណត់ ការងងុយគេងពេលបើកបរ ការជែងគ្នា និង បញ្ហាយាន្តជំនិះ។ ៨០% នៃរថយន្តដែលធ្វើចរាចរណ៍តាមដងផ្លូវនៅកម្ពុជាគឺជារថយន្តជជុះ ហើយជារឿយៗរថយន្តទាំងនេះមានបញ្ហាបច្ចេកទេសដូចជាបញ្ហាកង់ឡានប្រព័ន្ធហ្វ្រាំង ឬប្រព័ន្ធចង្កូតដែលតម្រូវឲ្យមានការពិនិត្យបច្ចេកទេសហ្មត់ចត់។

លោក ហៃ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch ប្រចាំនៅកម្ពុជាបានថ្លែងថា៖ «ជារៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់បានស្លាប់ឬរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ ក្នុងនាមជាក្រុមហ៊ុនមួយដែលផ្គត់ផ្គង់បច្ចេកវិទ្យាយានជំនិះ Bosch បានរួមចំណែកលើកស្ទួយនិងដោះស្រាយបញ្ហាសុវត្ថិភាពយានយន្តជាច្រើនឆ្នាំមកហើយ។»។ លោកបានបន្តថា៖ «គ្រោះថ្នាក់ជាច្រើនអាចរារាំងបានដោយការបំពាក់ប្រព័ន្ធសុវត្ថិភាពទំនើបទៅលើយានយន្ត»។

នៅប្រទេសកម្ពុជា Boschមានបំណងចង់សហការណ៍យ៉ាងជិតស្និទ្ធជាមួយដៃគូ ពាក់ព័ន្ធដើម្បីចែករំលែកចំណេះដឹង និងជំនាញលើការបង្កើនកម្រិតនៃការយល់ដឹងអំពីតម្រូវការចាំបាច់ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពនៅលើផ្លូវថ្នល់និងយានយន្ត។

សុវត្ថិភាពជាចំបង

លោក Martin Hayes នាយកក្រុមហ៊ុន Bosch នៅតំបន់អាស៊ីអាគ្មេយ៍មានប្រសាសន៏ថា៖ «ការស្លាប់និងការរងរបួសនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មិនត្រឹមតែធ្វើអោយខាតបង់ខាងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ វាក៏បង្កឲ្យមានការរងទុក្ខវេទនានិងទុក្ខសោកដែលមិនអាចកាត់ថ្លៃបាន»។ លោកបានបន្តថា៖ « Bosch នឹងបន្តធ្វើការស្រាវជ្រាវ និង វិនិយោគលើការអភិវឌ្ឍជាច្រើនដោយផ្អែកលើការបង្កើតបច្ចេកវិទ្យាដែលអាចជួយជីវិតមនុស្សបាន។ នេះរួមទាំងការបង្កើតផលិតផល និង ដំណោះស្រាយដែលអាចធ្វើឲ្យផ្លូវថ្នល់ និងយានយន្តមានសុវត្ថិភាពជាងមុន»។

ក្នុងចំណោមការច្នៃប្រឌិតថ្មីៗជាច្រើនរបស់ក្រុមហ៊ុន Bosch ក្នុងវិស័យសុវត្ថិភាពយានយន្ត ក្នុងនោះក៏មានប្រព័ន្ធ Anti-Lock Braking System (ABS) ដែលជាប្រព័ន្ធសម្រាប់ជួមមិនអោយគាំងកង់រថយន្តពេលចាប់ហ្វ្រាំង។ ប្រព័ន្ធនេះត្រូវបានណែនាំសម្រាប់រថយន្តដឹកអ្នកដំណើរនៅឆ្នាំ ១៩៧៨ និងសម្រាប់ទោចក្រយានយន្ត នៅឆ្នាំ ១៩៩៥។ បច្ចេកវិទ្យានេះត្រូវបានពង្រឹងបន្ថែមទៀតជាមួយនឹងការអភិវឌ្ឍន៏បច្ចេកវិទ្យារក្សាលំនឹងយានយន្តអេឡិចត្រូនិច (Electronic Stability Program ឬ ESP®) ដំបូងគេបង្អស់លើពិភពលោក ដែលបច្ចេកវិទ្យានេះអាចតាមដានចលនារអិលរបស់រថយន្ត ហើយទប់ស្កាត់ ការរអិលនោះដើម្បីបង្កើនសុវត្ថិភាពក្នុងពេលបើកបរ។ រហូតមកដល់បច្ចុប្បន្ននេះ ៧៤ ភាគរយ នៃយានយន្តទាំងអស់នៅទូទាំងពិភពលោកត្រូវបានបំពាក់ជាមួយ ESP® ហើយបច្ចេកវិទ្យានេះបានរារាំងមិនឲ្យមានគ្រោះថ្នាក់ជាង ២៦០,០០០ ករណីនៅអឺរ៉ុប (គិតត្រឹមឆ្នាំ ២០១៤) ។

ការធ្វើដំណើរដោយគ្មានគ្រោះថ្នាក់ជាមួយនឹងប្រព័ន្ធជំនួយសុវត្ថិភាពក្នុងការបើកបរ

គ្រោះថ្នាក់ចរាចរណ៍ប្រមាណ៩០ភាគរយ អាចកើតឡើងដោយសារកំហុសរបស់អ្នកបើកបរ ឧទាហរណ៍នៅពេលដែលអ្នកបើកបរមិនគិតថាស្ថានភាពផ្លូវជាស្ថានភាពគ្រោះថ្នាក់ ឬហានិភ័យចំពោះមុខមិនត្រូវបានវិនិច្ឆ័យត្រឹមត្រូវហើយអ្នកបើកបរមានប្រតិកម្មយឺតពេកឬមិនត្រឹមត្រូវ។ ដោយប្រើប្រាស់ចំណេះដឹងដែលទទួលបានពីការស្រាវជ្រាវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗគ្នាជាច្រើន Boschបានបង្កើតប្រព័ន្ធជំនួយដល់អ្នកបើកបររថយន្ត ដែលមានលក្ខណៈឆ្លាតវាងវៃ ដូចជាហ្វ្រាំងសង្រ្គោះបន្ទាន់ស្វ័យប្រវត្តិ( Automatic Emergency Braking ឬ AEB) ប្រព័ន្ធជំនួយការរក្សាឡានឲ្យនៅត្រូវជួរ (Lane Keeping Support) និងប្រព័ន្ធជំនួយការមើលកញ្ចក់ចំហៀង( Side View Assist )ដែលជួយដល់អ្នកបើកបរក្នុងស្ថានភាព ចរាចរណ៍ដែលស្មុគស្មាញ ឬ ស្ថានភាពគ្រោះថ្នាក់។ ប្រព័ន្ធទាំងនេះគ្រប់គ្រងលើ ស្ថានភាពនៃការបើកបរប្រចាំថ្ងៃបានយ៉ាងទូលំទូលាយ និងជាការបោះជំហានដ៏សំខាន់ក្នុងការធ្វើដំណើរដោយគ្មានគ្រោះថ្នាក់ និងគ្មាន ភាពតានតឹងនៅថ្ងៃអនាគត។

ចំនួនរថយន្តកើនឡើងកាន់តែច្រើន បង្កើនហានិភ័យនៃការប៉ះទង្គិចផ្នែកខាងក្រោយនៃ រថយន្ត ផងដែរ។ ហ្វ្រាំងសង្រ្គោះបន្ទាន់ដោយស្វ័យប្រវត្តិ (AEB) ដោយមានមូលដ្ឋានលើបណ្តាញឧបករណ៍ចាប់សញ្ញានៅក្នុងប្រព័ន្ធ ESP® អាចជួយកាត់បន្ថយស្ថានភាពនេះបាន។ ដោយផ្អែកលើការវិភាគចរាចរណ៍ជាបន្តបន្ទាប់ រួមជាមួយការស្វែងរកចំនុចស្មុគស្មាញដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ប្រព័ន្ធ AEB ក៏មានលក្ខណៈចាប់ហ្រ្វាំងពាក់កណ្តាលដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយល្បឿនរថយន្ត។ ប្រសិនបើអ្នកបើកបរនៅមិនជាន់ហ្រ្វាំង AEB នឹងចាប់ហ្វ្រាំងពេញលេញដើម្បីចៀសវាងការប៉ះទង្គិចជាមួយ រថយន្តខាងមុខ។ ក្នុងករណីដែលការប៉ះទង្គិចគ្នាមិនអាចជៀសវាងបាន យ៉ាងហោចណាស់ក៏ការធ្វើអន្តរាគមន៍ដោយប្រព័ន្ធនេះអាចកាត់បន្ថយកំរិតគ្រោះថ្នាក់ដល់យានយន្តនិងអ្នកបើកបររួមជាមួយនឹងអ្នកដំណើរដែរ។

ប្រព័ន្ធជំនួយការរក្សារថយន្តឲ្យនៅគន្លងផ្លូវ (LKS) ជួយដល់អ្នកបើកបរ រក្សារថយន្តអោយនៅគន្លងផ្លូវបានត្រឹមត្រូវ។ ការប្រើកាមេរ៉ាវីដេអូដើម្បីកំណត់គន្លងផ្លូវនៅពីមុខឡាន LKSអាចកំណត់បានរហូតដល់៤ជួរ បើទោះបីស្ថិតនៅក្នុងស្ថានភាពមើលមិនសូវច្បាស់ក៏ដោយ ក៏ប្រព័ន្ធនេះឆ្លើយតបទៅនឹងការកាច់ចង្កូតមិនប្រក្រតីរបស់អ្នកបើកបរ ដើម្បីធានាឱ្យបានថាអ្នកបើកបរនៅត្រង់គន្លងផ្លូវ។ អ្នកបើកបរអាចបត់ចង្កូតបាននៅពេលដែលកាច់សញ្ញាបត់ឆ្វេង ឬស្តាំ នេះជាសញ្ញាដែលប្រាប់ប្រព័ន្ធ LKS នេះថាអ្នកដំណើរមានស្មារតីត្រឹមត្រូវ និងអាចគ្រប់គ្រង់យានយន្តបានវិញហើយ។

នៅពេលបើកបរ អ្នកបើកបរផ្តោតសំខាន់មើលទៅខាងមុខដោយស្វ័យប្រវត្តិ ដោយមិនបានមើល គ្រប់ទិសដៅ រួមទាំងផ្នែកសងខាងនែរថយន្តផងដែរ។ វាអាចនឹងប៉ះពាល់ដល់សមត្ថភាពរបស់អ្នកបើកបរក្នុងការវាយតម្លៃស្ថានភាពខាងក្រៅជុំវិញរថយន្តរបស់ពួកគេ នៅពេលធ្វើសកម្មភាពផ្សេងៗដូចជាការប្តូរគន្លងផ្លូវបើកបរ ។ ប្រព័ន្ធជំនួយការមើលកញ្ចក់ចំហៀង (SVA) ត្រូវបានគេស្គាល់ជាទូទៅថាជាបច្ចេកវិទ្យាជំនួយនៅចំនុចមើលមិនឃើញ (Blind Spot Technology) ដែល ភ្លាមៗនោះវានឹងបង្ហាញសញ្ញាព្រមាននៅលើកញ្ចក់ចំហៀងនៃរថយន្ត។ សម្រាប់ទោចក្រយានយន្ត ការព្រមាននេះលេចឡើងជាសញ្ញាអុបទិកនៅជិតកញ្ចក់។ ឧបករណ៍ចាប់សញ្ញាដ៏ឆ្លាតវៃ ក៏អាចចាត់ថ្នាក់វត្ថុដែលត្រូវវាចាប់បាន ដើម្បីជៀសវាងការជូនដំណឹងហានិភ័យមិនត្រឹមត្រូវ។ បច្ចេកវិទ្យាជំនួយនៅចំនុចមើលមិនឃើញគឺជាផ្នែកមួយនៃកម្មវិធីត្រួតពិនិត្យយានយន្តថ្មីរបស់អាស៊ានដែលហៅថា ASEAN New Car Assessment Program ឬNCAP នៃ ឆ្នាំ ២០១៧- ២០២០ ក្រោមផ្នែកជំនួយសុវត្ថិភាព ដែលជាលក្ខខណ្ឌកំណត់មួយ ដើម្បីទទួលបានចំណាត់ថ្នាក់ល្អ

សុវត្ថិភាពតាមដងផ្លូវជាទំនួលខុសត្រូវរបស់បុគ្គលគ្រប់រូប

របាយការណ៍ឆ្នាំ ២០១៨ ដែលបានចេញផ្សាយដោយអង្គការសុខភាពពិភពលោកបានថ្លែងថាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវធ្វើឲ្យប្រទេសខាតបង់ ប្រមាណជា ៣ ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP)។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ នឹងក្លាយទៅជាមូលហេតុដែលបណ្តាលឲ្យមានការស្លាប់លំដាប់លេខ ៧ ក្នុងពិភពលោកនាឆ្នាំ ២០៣០ ប្រសិនបើគ្មានវិធានការទ្រទ្រង់ណាមួយទទួលបានជោគជ័យនោះទេ។

លោក Hayes បានថ្លែងជាចុងក្រោយថា៖ “Bosch ជឿជាក់ថាមានតែសកម្មភាពរួមគ្នាទេដែលយើងអាចឃើញការផ្លាស់ប្តូរបាន។ យើងសូមអំពាវនាវឲ្យមានការពិភាក្សានិងសហការយ៉ាងសកម្មរវាងរដ្ឋាភិបាល សមាគមន៍វិទ្យាសាស្ត្រ អង្គការក្រៅរដ្ឋាភិបាល ឧស្សាហកម្មយានយន្ត និងសាធារណជនទូទៅដើម្បីទាញយកអត្ថប្រយោជន៍នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះដើម្បីធ្វើឲ្យផ្លូវថ្នល់មានសុវត្ថិភាពជាងមុនសម្រាប់មនុស្សគ្រប់ៗគ្នា។ យើងទាំងអស់គ្នាមានការទទួលខុសត្រូវរួមគ្នាក្នុងការធានាឱ្យបាននូវអាស៊ាននាថ្ងៃអនាគតមួយដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ហើយ Bosch គាំទ្រយ៉ាងមត់មាំនូវទស្សនវិស័យមួយនេះ»។

ទាក់ទងមកBosch

វ៉ាន់ ​ចាន់វត្តី
ទំនាក់ទំនងសាជីវកម្ម​ប្រចាំកម្ពុជា

ទូរសព្ទ
អ៊ីមែល

ព័ត៌មានច្រើនទៀត